ព័ត៌មានក្ដៅប្រចាំថ្ងៃ] លោក អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ព្រមានចាត់វិធានការច្បាប់លើសំណង់រំលោភចំណីទន្លេ ខណៈពលរដ្ឋទម្លាយថាម្ចាស់ទីតាំងជាមន្ត្រីមានបុណ្យស័ក្តិនៅភ្នំពេញ

​ខេត្តកណ្ដាល៖ ជុំវិញភាពចម្រូងចម្រាសនៃការសាងសង់របងបេតុងរឹងមាំរំលោភយកដីចំណីច្រាំងទន្លេ ស្ថិតនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ពេលនេះមានពន្លឺថ្មីហើយ បន្ទាប់ពី លោក អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា លោកនឹងចាត់មន្ត្រីជំនាញចុះពិនិត្យ និងចាត់វិធានការច្បាប់ភ្លាមៗ ប្រសិនបើគ្មានលិខិតអនុញ្ញាត។ ទន្ទឹមនឹងនេះ ប្រភពពីប្រជាពលរដ្ឋបានទម្លាយរឿងដ៏គួរឱ្យភ្ញាក់ផ្អើលថា ម្ចាស់សំណង់ខាងលើនេះ មិនមែនជារាស្ត្រសាមញ្ញឡើយ តែគឺជាមន្ត្រីមានតួនាទី និងមានធនធាន ដែលកំពុងបម្រើការងារនៅរាជធានីភ្នំពេញ។

​កាលបរិច្ឆេទផ្សាយ៖ ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦

​សេចក្ដីរាយការណ៍លម្អិត និងសំណើសុំការអន្តរាគមន៍ សូមគោរពជូន៖

  • ​ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល
  • ​លោក អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល
  • ​លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល

​យោងតាមលិខិតបទដ្ឋានគតិយុត្ត៖

  • ​ច្បាប់ភូមិបាល ឆ្នាំ២០០១ (មាត្រា១៥ និងមាត្រា១៦) ស្ដីពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
  • ​ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក នៃព្រះរាជាណាចក្រកម្ពុជា (មាត្រា៨ និងមាត្រា៣៦)។
  • ​អនុក្រឹត្យ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការទប់ស្កាត់ការរំលោភដីចំណីមាត់ទន្លេ ស្ទឹង ព្រែក បឹងបួ និងអាងស្តុកទឹក។

​ដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងការចូលរួមចំណែកការពារទ្រព្យសម្បត្តិរដ្ឋ អង្គភាពយើងខ្ញុំសូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល មេត្តាជ្រាបថា៖ ការផ្សាយនេះធ្វើឡើងក្នុងស្មារតីស្ថាបនា ដោយពុំមានចេតនារិះគន់ ឬវាយប្រហារលើការបំពេញការងាររបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឡើយ។

​ជាក់ស្ដែង ផ្អែកតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋានបានទម្លាយឱ្យដឹងថា មានទីតាំងមួយកន្លែងនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល បានធ្វើសកម្មភាពចាក់ដី បុកគ្រឹះយ៉ាងរឹងមាំ និងសាងសង់របងព័ទ្ធយកដីចំណីច្រាំងទន្លេធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងច្បាស់ក្រឡែត។ ប្រភពពីប្រជាពលរដ្ឋដដែលបានបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់ទីតាំងខាងលើនេះ គឺជាបុគ្គលមានធនធាន និងជាមន្ត្រីមានតួនាទីមួយរូប ដែលកំពុងបម្រើការងារនៅរាជធានីភ្នំពេញ (មិនមែនជាមន្ត្រីនៅខេត្តកណ្ដាលទេ) ប៉ុន្តែប្រភពសុំមិនបញ្ចេញឈ្មោះ និងតួនាទីឡើយ។ បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាសំណួរដោយក្ដីកង្វល់ថា៖ “សម្រាប់ប្រជាពលរដ្ឋសាមញ្ញទូទៅ ទោះបីជាចង់សាងសង់លយចូលដីចំណីទន្លេបន្តិចបន្តួច ក៏ពុំអាចធ្វើបានឡើយ។ ប៉ុន្តែហេតុអ្វីបានជាម្ចាស់ទីតាំង ដែលគេស្គាល់ថាជាមន្ត្រីមានធនធានរូបនេះ អាចសាងសង់របងបេតុងរឹងមាំរំលោភយកដីចំណីទន្លេបានដោយរលូន និងសេរីយ៉ាងដូច្នេះទៅវិញ?”។

​ពាក់ព័ន្ធនឹងករណីនេះ ក្រោយពីអង្គភាពព័ត៌មានយើងខ្ញុំបានទំនាក់ទំនងរាយការណ៍គោរពជូនទៅរដ្ឋបាលស្រុកខ្សាច់កណ្ដាល លោក អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានមានប្រសាសន៍ឆ្លើយតបយ៉ាងច្បាស់ថា៖ លោកនឹងចាត់ឱ្យមន្ត្រីជំនាញចុះទៅត្រួតពិនិត្យមើលទីតាំងដែលកំពុងសាងសង់នោះជាក់ស្ដែង។ ក្នុងករណីពិនិត្យឃើញថា គ្មានឯកសារអនុញ្ញាតពីមន្ត្រីជំនាញពាក់ព័ន្ធនោះទេ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ។

​ទន្ទឹមនឹងនេះ លោកអភិបាលស្រុក ក៏បានបញ្ជាក់បន្ថែមជុំវិញបញ្ហាសំណង់ចាស់ៗដែលសាងសង់កន្លងមកផងដែរថា៖ ទីតាំងសំណង់ចាស់ៗខ្លះ គឺមានស្រាប់តាំងពីមុនពេលលោកមកទទួលតំណែងជាអភិបាលស្រុកម្ល៉េះ ដែលការណ៍នេះធ្វើឱ្យលោកមានការលំបាកក្នុងការសើរើបន្តិច ប៉ុន្តែទោះជាយ៉ាងណាក្ដី លោកនឹងព្យាយាមពិនិត្យមើលឯកសារផ្សេងៗ។ ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់សាមីខ្លួន ឬម្ចាស់ទីតាំងដែលកំពុងសាងសង់របង ឬបុកគ្រឹះរឹងមាំទាំងអស់ ដែលមិនទាន់មានច្បាប់អនុញ្ញាត សូមប្រញាប់រូតរះទៅធ្វើច្បាប់ឱ្យបានត្រឹមត្រូវជាបន្ទាន់។

​ការសាងសង់រំលោភចំណីទន្លេ គឺផ្ទុយទៅនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាម ច្បាប់ភូមិបាល មាត្រា១៥ និងមាត្រា១៦ បានចែងយ៉ាងច្បាស់ថា ចំណីមាត់ទឹក គឺជា “ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ”។ ស្របគ្នានេះដែរ ច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក មាត្រា៨ និងមាត្រា៣៦ ក៏បានបញ្ញត្តថារាល់សកម្មភាពកែប្រែស្ថានភាពចំណីមាត់ទន្លេ ត្រូវមានការអនុញ្ញាតត្រឹមត្រូវ។

​អាស្រ័យហេតុនេះ ដើម្បីធានាបាននូវការអនុវត្តច្បាប់ដោយតម្លាភាព និងដើម្បីជាការគាំទ្រដល់ចំណាត់ការរបស់រដ្ឋបាលស្រុក អង្គភាពសារព័ត៌មានយើងខ្ញុំ សូមសំណូមពរយ៉ាងទទូចដល់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញថ្នាក់ខេត្ត ចុះសហការត្រួតពិនិត្យទីតាំងជាក់ស្ដែង និងស្រាវជ្រាវរកឯកសារពាក់ព័ន្ធនឹងការសាងសង់របស់ម្ចាស់ទីតាំងខាងលើ ថាតើមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ និងការពារដីចំណីទន្លេទុកជាប្រយោជន៍សាធារណៈ។

​បញ្ជាក់៖ អង្គភាពព័ត៌មានយើងខ្ញុំ ត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាស្ពាននាំសារពីបងប្អូនប្រជាពលរដ្ឋគោរពជូនទៅកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជានាំសារពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជូនមកប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ។ ស្របតាមច្បាប់របបសារព័ត៌មាន អង្គភាពយើងខ្ញុំរង់ចាំស្វាគមន៍ជានិច្ច នូវការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ទាំងមន្ត្រីអាជ្ញាធរជំនាញ និងម្ចាស់ទីតាំងដែលកំពុងសាងសង់នេះផ្ទាល់ គ្រប់កាលៈទេសៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំ។

​សូម ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីអង្គភាពយើងខ្ញុំ។ សូមអរគុណ!

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦

ព័ត៌មានដែលជាប់ទាក់ទង