UPDATE: ភាពស្ងៀមស្ងាត់ដ៏មានអាថ៌កំបាំង! ករណីរំលោភដីចំណីឆ្នេរ និងព្រៃកោងកាងនៅស្រែអំបិល តើអាជ្ញាធរបិទភ្នែក ឬបើកដៃឱ្យអ្នកមានអំណាច? (ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦)

ខេត្តកោះកុង៖ សកម្មភាពឈូសឆាយ កាយដី និងហ៊ុមព័ទ្ធរបងរំលោភយកដីចំណីឆ្នេរសមុទ្រ និងឆ្នេរនេសាទសាធារណៈយ៉ាងគឃ្លើន នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង គឺជារឿងដែលមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មាន «ខ្នងបង្អែក» ជាអ្នកមានអំណាច មានបុណ្យស័ក្តិ ឬមានទ្រព្យសម្បត្តិមហាសាលនៅពីក្រោយខ្នង។ ប្រជាពលរដ្ឋក្នុងតំបន់បានសម្តែងការហួសចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ដែលសកម្មភាពរំលោភដីរដ្ឋយ៉ាងជាក់ស្ដែងបែបនេះ កំពុងប្រែក្លាយឆ្នេរខ្សាច់ និងព្រៃកោងកាង ដែលជាសម្បត្តិធម្មជាតិរួម ទៅជាកម្មសិទ្ធិឯកជនរបស់អ្នកមានអំណាចមួយក្តាប់តូចដោយគ្មានការខ្លាចរអាសូម្បីបន្តិច។
យោងតាមរូបភាពជាក់ស្តែងពីទីតាំងភូមិសាស្ត្រជាប់នឹងមាត់សមុទ្រ បានទម្លាយឱ្យឃើញពីទង្វើបំពានច្បាប់ដ៏កំរោល តាមរយៈការកាយដីបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងការសាងសង់របងហ៊ុមព័ទ្ធយ៉ាងរឹងមាំ។ ទង្វើនេះ មិនមែនជាការរំលោភបំពានពីសំណាក់ប្រជាពលរដ្ឋតូចតាចនោះឡើយ ប៉ុន្តែវាគឺជាសញ្ញាណច្បាស់ក្រឡែតនៃការប្រើប្រាស់ឥទ្ធិពល និងអំណាចលុយ ដើម្បីជាន់ឈ្លីច្បាប់រដ្ឋ និងផលប្រយោជន៍សាធារណៈយ៉ាងពេញទំហឹង។
មូលដ្ឋានគតិយុត្ត៖
យោងតាមអនុក្រឹត្យលេខ ១១៥ អនក្រ.បក ស្តីពីការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា៖
- មាត្រា ៤៖ តំបន់ឆ្នេរគឺជាទ្រព្យសម្បត្តិសាធារណៈដែលត្រូវការពារដាច់ខាត។
- មាត្រា ៨ និង ១១៖ បានហាមឃាត់ដាច់ខាតរាល់ការសាងសង់ ឬហ៊ុមព័ទ្ធយកដីចំណីឆ្នេរធ្វើជាកម្មសិទ្ធិឯកជន ដែលបទល្មើសនេះតម្រូវឱ្យមានការចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។
គួរឱ្យកត់សម្គាល់ និងគួរឱ្យព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងទីតាំងមាត់សមុទ្រដ៏រសើបនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើងខ្ញុំបានចុះផ្សាយជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែទោះបីជាមន្ត្រីពាក់ព័ន្ធបានឃើញការផ្សាយ និងសារទាំងនោះយ៉ាងណាក៏ដោយ ក៏នៅតែបន្តរក្សាភាពស្ងៀមស្ងាត់យ៉ាងគួរឱ្យសង្ស័យ ដោយមិនមានការឆ្លើយតប ឬបំភ្លឺអ្វីទាំងអស់៖
- ចំពោះ លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល៖ ក្រុមការងារបានព្យាយាមទាក់ទង និងបញ្ជូនព័ត៌មានអស់រយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែលោកនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ មិនព្រមឆ្លើយតប ឬធ្វើអើពើឡើយ។
- ចំពោះ អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង៖ ទោះបីជាបានចូលមើលសារ និងការផ្សាយរបស់អង្គភាពយើងរួចជាស្រេចក្តី ក៏នៅតែបន្តបិទមាត់ឈឹង ធ្វើមិនដឹងមិនឮដដែល។
ភាពស្ងៀមស្ងាត់ និងការគេចវេសមិនឆ្លើយតបរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសញ្ញាណអវិជ្ជមាន ដែលបង្ខំឱ្យមហាជន និងសាធារណជនដាក់ការសង្ស័យថា តើនេះគឺជាការ «បិទភ្នែក» ឬជាការ «បើកដៃ» ពីសំណាក់អ្នកមានអំណាច ដើម្បីឱ្យបក្សពួកខ្លួនប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនលើទ្រព្យសម្បត្តិរដ្ឋដែរឬទេ?
អាស្រ័យហេតុនេះ យើងសូមអំពាវនាវយ៉ាងទទូចដល់ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ជាតិ សូមមេត្តាចុះត្រួតពិនិត្យ ស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីដកហូតដីចំណីឆ្នេរ និងព្រៃកោងកាងនេះ មកជាសម្បត្តិរដ្ឋវិញជាបន្ទាន់ ដោយមិនត្រូវបណ្តោយឱ្យអំណាចលុយ និងឥទ្ធិពលបុគ្គលមកបិទបាំងការពិត និងបំផ្លាញអនាគតធនធានធម្មជាតិរបស់ជាតិឡើយ។
ការផ្សាយរបស់អង្គភាពយើងខ្ញុំ គឺប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងន័យស្ថាបនា កែលម្អ និងការពារផលប្រយោជន៍សាធារណៈ ដោយគ្មានចេតនាញុះញង់ ឬវាយប្រហារផ្ទាល់ខ្លួនឡើយ។ អង្គភាពយើងខ្ញុំនៅតែបន្តបើកទ្វាររង់ចាំការបំភ្លឺ និងការពន្យល់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលវេលាក្នុងម៉ោងធ្វើការស្របតាមរបបសារព័ត៌មាន។ សូមអរគុណ!
