ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល»

(រាជធានីភ្នំពេញ): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានអាជ្ញាធរ និងអ្នកសារព័ត៌មានជាង ៦០០ នាក់ចូលរួម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្ត្រីព័ត៌មាន និងអ្នកសហការរៀបចំកម្មវិធីទាំងអស់ជាពិសេសសមគមអេឡេចត្រូនិច MSJ ដែលបានសហការរៀបចំឱ្យមានវេទិកាសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធ និងការពិភាក្សាអំពីបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាននៅថ្ងៃនេះឡើង។
ជាមួយគ្នានោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកសិក្ខាសាលានេះថា «មានសារៈសំខាន់ជាពិសេស ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងគុណភាពសារព័ត៌មាន កិត្តិយសរបស់អ្នកសារព័ត៌មាន សិទ្ធិរបស់ប្រជាពលរដ្ឋ និងទំនុកចិត្តសាធារណៈ»។
ឯកឧត្តមបន្ថែមទៀតថា យើងជួបជុំគ្នានៅថ្ងៃនេះ មិនមែនដើម្បីនិយាយតែអំពីអ្វីដែលអ្នកសារព័ត៌មានអាចធ្វើបាននោះទេ ប៉ុន្តែដើម្បីពិភាក្សាអំពីអ្វីដែលអ្នកសារព័ត៌មានគួរធ្វើ អ្វីដែលត្រូវប្រុងប្រយ័ត្ន និងរបៀបអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។
ផ្សាយ:ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS?
រូបថតដោយ ឡុង ដេវីត















