ចាងហ្វាងកាសែតខ្មែរជាយដែន ប្តឹងមេប៉ូលិស ខេត្តបន្ទាយមានជ័យ ទៅរដ្ឋមន្ត្រីមហាផ្ទៃ ពីបទឃុំឃាំងដោយគ្មានកំហុស.

(រាជធានីភ្នំពេញ)​៖ លោក អ៊ុង ចាប់រាំង ចាងហ្វាងសារ ព័ត៌មានខ្មែរជាយដែន បានដាក់ពាក្យបណ្តឹងទៅកាន់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដោយបានចោទប្រកាន់លោក សិទ្ធ ឡោះ ស្នង ការខេត្តបន្ទាយមានជ័យ រួមទាំងនគរបាលថ្នាក់ ក្រោម២រូបទៀត គឺលោក នូ ជីវ័ន្ត ស្នងការរងខេត្ត និង លោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ថាបានធ្វើ ទុក្ខបុកម្នេញ គំរាមកំហែង និងបង្ខាំង ក្នុងចម្រឹងជញ្ជាំង ទ្រុងដែកតាមអំពើចិត្ត កាលថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៥ កន្លងទៅ….។

តាមរយៈពាក្យបណ្ដឹងដាក់ជូនរដ្ឋមន្ត្រីមហាផ្ទៃ នៅ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ​ មានខ្លឹមសារថា ក្នុងថ្ងៃកើតហេតុ លោក អ៊ុង ថាប់រាំង បានចូលខ្លួនបំភ្លឺតាម លិខិតកោះហៅ២ផ្សេងគ្នា ជុំវិញការចុះផ្សាយព័ត៌មាន របស់លោក។ លោកបានផ្សាយអំពីករណីពលរដ្ឋឈ្មោះ យឹង សារ៉ាត់ ប្តឹងលោក ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត ទៅក្រសួងមហាផ្ទៃ ដោយ អះអាងថា លោកអធិការធ្វើរបាយការណ៍បំភ្លៃការពិត។ បន្ទាប់ពីឆ្លើយបំភ្លឺរួច ចាងហ្វាងកាសែតខ្មែរជាយដែន ក៏ត្រូវបានបង្ខាំងទុកក្នុងចម្រឹងទ្រូងដែក នៅស្នង ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោក ចាងហ្វាងអះអាងថា លោកត្រូវឃុំខ្លួន ទាំងដែលគ្មាន កំហុស។

ជុំវិញបញ្ហានេះ អង្គភាពសារព័ត៌មាន យេីងបានព្យាយាមសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ដោយផ្ទាល់ ដោយលោកបានបញ្ជាក់យ៉ាងខ្លីថា រឿងពិត ឬមិនពិត ទុកឱ្យតុលាការដោះស្រាយ និង ពិនិត្យទៅលើការបំពេញវិជ្ជាវីជ្ជៈរបស់លោក។ ជាមួយ គ្នានេះ លោកស្នងការ ចាត់ទុកការប្តឹងទៅរដ្ឋមន្ត្រី មហាផ្ទៃ ថាជាសិទ្ធិសេរីភាពរបស់លោកចាងហ្វាង ហើយលោកមិនមានអ្វីត្រូវបកស្រាយច្រើនឡើយ។

ចាងហ្វាងកាសែតខ្មែរជាងដែន ប្រាប់ អង្គភាព​សារព័ត៌មាន​យេីង​ថា ក្រៅពីក្រសួងមហាផ្ទៃ លោក មានបំណងចង់បន្តប្តឹង ទៅកាន់ក្រសួងយុត្តិធម៍ថែមទៀត។ ប៉ុន្តែ ចំពោះការប្តឹង ទៅតុលាការ លោកមិនទាន់មានបំណងនោះទេ។ លោក ថ្លែងថា ការអនុវត្តនីតិវិធីរបស់សមត្ថកិច្ច ហាក់ ផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងមិនគួរយកបទ ល្មើសព្រហ្មទណ្ឌដាក់បន្ទុកទៅលើអ្នកសារព័ត៌មាន ឡើយ៕​

 

ផ្សាយ​:ថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៥​

ដកស្រង់​ចេញពី​:SBM​news

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង