ទីតាំងល្បែងស៊ីសងខុសច្បាប់ (មាន់អនឡាយនិង ឡូតូ) មួយកន្លែង ស្ថិតក្នុងតារាងបាល់ទះ វុត្ថា72 នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ បើកលេងយ៉ាងរលូនខណៈប្រជាពលរដ្ឋសំណូមពរឱ្យសមត្ថកិច្ចចាត់វិធានការ


​រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖
​យោងតាមប្រភពព័ត៌មាន និងរូបភាពជាក់ស្តែងដែលប្រជាពលរដ្ឋបានផ្ដល់មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ បានបង្ហាញឱ្យដឹងពីទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទ «មាន់អនឡាញ និង ឡូតូ» មួយកន្លែង កំពុងលួចលាក់បើកដំណើរការយ៉ាងសកម្ម ដោយគ្មានការរំខានពីសមត្ថកិច្ចមូលដ្ឋាននោះឡើយ។
​ទីតាំងខាងលើនេះ គឺស្ថិតនៅក្នុងតារាងបាល់ទះ វុត្ថា72 ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ផ្អែកតាមរូបភាពជាក់ស្តែងដែលទទួលបានកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៦:២១នាទីល្ងាច បានបង្ហាញយ៉ាងច្បាស់ពីការរៀបចំសម្ភារៈ រួមមានតុ កៅអី និងអេក្រង់កុំព្យូទ័រសម្រាប់បញ្ចាំងការលេងល្បែងជល់មាន់អនឡាយយ៉ាងរលូន។
​ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថា សកម្មភាពបើកល្បែងស៊ីសងខុសច្បាប់នេះ មិនត្រឹមតែបំពានច្បាប់ស្តីពីការគ្រប់គ្រងល្បែងស៊ីសងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឫសគល់បង្កឱ្យមានអសន្តិសុខសង្គម ដូចជាអំពើចោរកម្ម ទំនាស់ហិង្សា និងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
​ពាក់ព័ន្ធនឹងបញ្ហានេះ អង្គភាពសារព័ត៌មានយើងខ្ញុំ និងប្រជាពលរដ្ឋ សំណូមពរយ៉ាងទទូចដល់ លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះឱ្យបានទាន់ពេលវេលា និងតឹងរ៉ឹងតាមផ្លូវច្បាប់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕

ព័ត៌មានដែលជាប់ទាក់ទង