ពលរដ្ឋតាមបណ្ដោយផ្លូវលេខ ៣៧១ ស្នើសុំអភិបាលខណ្ឌមានជ័យជួយអន្តរាគមន៍រៀបចំសណ្ដាប់ធ្នាប់ទីតាំងជួសជុលរម៉កកង់បីរំលោភទ្រូងផ្លូវនិងបង្កសំឡេងរំខានជាប្រចាំ

យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលើកឡើងដោយក្តីកង្វល់ និងបានបញ្ជូនរូបភាពព្រឹត្តិការណ៍មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ ដើម្បីជួយផ្សព្វផ្សាយស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ចំពោះទីតាំងជួសជុលរម៉កកង់បីមួយកន្លែង ដែលកំពុងធ្វើសកម្មភាពរំលោភយកចំណីផ្លូវសាធារណៈ។
តាមរយៈការបញ្ជាក់ពីប្រភពប្រជាពលរដ្ឋផ្ទាល់បានរៀបរាប់ឱ្យដឹងថា ទីតាំងខាងលើនេះមានទីតាំងស្ថិតនៅក្បែរស្ដុបសំណាក់ ដោយម្ចាស់ទីតាំងបានធ្វើសកម្មភាពជួសជុលរម៉កកង់បី និងដាក់តាំងសម្ភារៈរំលោភយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ លូយចេញមកក្រៅយ៉ាងអនាធិបតេយ្យ ដែលបង្កជាឧបសគ្គដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅ។ បន្ថែមពីលើនេះ ចាប់ពីវេលាម៉ោង ១២:០០ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦:០០ ល្ងាច ជាប្រចាំថ្ងៃ គឺមានសកម្មភាពគោះដែក ឬសកម្មភាពជួសជុលផ្សេងៗ ដែលបង្កជាសំឡេងរំខានយ៉ាងខ្លាំងប៉ះពាល់ដល់ការសម្រាក និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។
ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន អង្គភាពយើងខ្ញុំគ្រាន់តែជាស្ថាប័នសារព័ត៌មានឆ្លុះបញ្ចាំងពីមតិព្រួយបារម្ភ និងសំណូមពរដ៏សុចរិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយរក្សាភាពអព្យាក្រឹត ផ្អែកលើការពិត និងផ្តល់ឱកាសជូនគ្រប់ភាគីពាក់ព័ន្ធក្នុងការបកស្រាយបំភ្លឺជានិច្ច។ អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានផ្ទាល់ សូមសំណូមពរយ៉ាងទទូចដល់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងមានវិធានការណែនាំតម្រូវឱ្យម្ចាស់ទីតាំងខាងលើ យករម៉កកង់បី និងសកម្មភាពជួសជុលទាំងនោះចូលទៅក្នុងបរិវេណផ្ទះរបស់ខ្លួនវិញ ព្រមទាំងជួយរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ ៣៧១ ឱ្យបានល្អប្រសើរឡើងវិញ ដើម្បីធានាបាននូវសោភ័ណភាព សុវត្ថិភាពចរាចរណ៍ និងសេចក្ដីសុខសាន្តជូនពលរដ្ឋទូទៅ។
ថ្ងៃខែឆ្នាំចេញផ្សាយ៖ ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦
