វគ្គ១តើមានអ្វីនៅពីក្រោយខ្នងឃ្លាំងដ៏ធំស្កឹមស្កៃគ្មានស្លាកយីហោមួយកន្លែងនេះ? ហេតុអ្វីបានជាបុគ្គលឈ្មោះ សុធា អាចនាំចូលទំនិញទាំងយប់ទាំងថ្ងៃយ៉ាងរលូន ដោយគ្មានការរំខានពីសមត្ថកិច្ចជំនាញ? មហាជនកំពុងរង់ចាំមើលចំណាត់ការត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធ! ផ្សាយចេញថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦

(ខេត្តតាកែវ)៖ សាធារណជន និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន កំពុងសម្ដែងនូវការងឿងឆ្ងល់ជាខ្លាំង ចំពោះសកម្មភាពមិនប្រក្រតីនៃឃ្លាំងស្តុកទំនិញដ៏ធំស្កឹមស្កៃមួយកន្លែង ដែលគ្មានការដាក់ស្លាកយីហោសម្គាល់ត្រឹមត្រូវ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ ទីតាំងនេះត្រូវបានគេដឹងថា កំពុងដំណើរការដឹកជញ្ជូនទំនិញចូលយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ហាក់បីដូចជាពុំមានការញញើតចំពោះវិធានការច្បាប់ ឬការចុះត្រួតពិនិត្យពីមន្ត្រីជំនាញឡើយ។
តាមប្រភពព័ត៌មានដែល អង្គភាពសារព័ត៌មាន ASEAN DAILY ទទួលបានពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឱ្យដឹងថា ឃ្លាំងដ៏ធំមហិមាខាងលើនេះ ត្រូវបានគ្រប់គ្រងដោយបុគ្គលម្នាក់ឈ្មោះ សុធា ដែលត្រូវបានគេស្គាល់ថាជាមេការ ឬជាម្ចាស់អាជីវកម្មដ៏មានឥទ្ធិពល។ ទីតាំងនេះបានធ្វើសកម្មភាពនាំចូលទំនិញប្រភេទប្រេងឆាកាន ម្សៅមី និងប័រកំប៉ុង រួមទាំងមុខទំនិញផ្សេងៗទៀត នាំចេញពីប្រទេសវៀតណាមចូលមកស្តុកទុកក្នុងឃ្លាំង រួចបន្តចែកចាយចូលទៅក្នុងទីផ្សារនៃប្រទេសកម្ពុជាយ៉ាងរលូនអស់រយៈពេលជាយូរខែឆ្នាំមកហើយ។
មហាជនបានលើកឡើងជាសំណួរចោទសួរថា តើបុគ្គលឈ្មោះ សុធា នេះជានរណាឱ្យពិតប្រាកដ? ហេតុអ្វីបានជាមានលទ្ធភាពអាចធ្វើព្យុះធ្វើភ្លៀង និងដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនចូលមកស្តុកទុកក្នុងឃ្លាំងបានយ៉ាងរលូនដោយគ្មានការរារាំងបែបនេះ? តើទំនិញទាំងអស់នោះមានការបង់ពន្ធត្រឹមត្រូវ មានការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ និងមានលិខិតអនុញ្ញាតស្របច្បាប់ពីស្ថាប័នពាក់ព័ន្ធដែរឬទេ?
កន្លងមក អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ ធ្លាប់បានធ្វើការផ្សព្វផ្សាយ និងរាយការណ៍ជាព័ត៌មានជាបន្តបន្ទាប់រួចមកហើយ ដើម្បីជាស្ពានចម្លងជូនដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមានសមត្ថកិច្ចបានជ្រាប។ ប៉ុន្តែជាក់ស្ដែង ទីតាំងឃ្លាំងគ្មានស្លាកយីហោខាងលើ នៅតែបន្តសកម្មភាពដឹកជញ្ជូនទំនិញចេញចូលយ៉ាងគឃ្លើនដដែល ដោយមិនទាន់ឃើញមានការចុះត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ពីសំណាក់មន្ត្រីជំនាញ ឬអាជ្ញាធរមូលដ្ឋាននៅឡើយទេ។
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំ សូមធ្វើការផ្សព្វផ្សាយក្នុងន័យស្ថាបនា ដោយឈរលើគោលការណ៍ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានសុទ្ធសាធ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរខេត្តតាកែវ ជាពិសេសមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ ត្រួតពិនិត្យចំពោះទីតាំងឃ្លាំងស្តុកទំនិញខាងលើឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវការអនុវត្តច្បាប់ស្មើភាពគ្នា ការពារសុវត្ថិភាពសុខភាពរបស់អ្នកប្រើប្រាស់ និងលុបបំបាត់ភាពមិនប្រក្រតីក្នុងសង្គម។
អង្គភាពយើងខ្ញុំ រង់ចាំទទួលការបំភ្លឺបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធ និងបុគ្គលឈ្មោះ សុធា រៀងរាល់ម៉ោងធ្វើការ ដើម្បីធានានូវភាពសុក្រឹត និងតម្លាភាពស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕
