សេចក្ដីបំភ្លឺព័ត៌មាន ស្ដីពី ការពិតជាក់ស្ដែងជុំវិញករណីដីធ្លី និងការចោទប្រកាន់មកលើឈ្មោះ អ៊ុំ សុភឿន នៅភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

កាលពីពេលកន្លងទៅថ្មីៗនេះ មានការលើកឡើង និងការចោទប្រកាន់មកលើឈ្មោះ អ៊ុំ សុភឿន ភេទប្រុស កើតថ្ងៃទី២០ ខែមករា ឆ្នាំ១៩៧៩ មានទីលំនៅបច្ចុប្បន្នភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣០១ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ថាបានលួចលក់ដីដែលជាកម្មសិទ្ធិស្របច្បាប់របស់អ្នកស្រី អៀវ វុទ្ធី។
ដើម្បីជៀសវាងការភាន់ច្រឡំពីសាធារណជន ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ យោងតាមឯកសារគតិយុត្ត ភស្ដុតាងច្បាស់លាស់ និងលទ្ធផលនៃការចុះស្រាវជ្រាវជាក់ស្ដែងរបស់មន្ត្រីជំនាញនៃរដ្ឋបាលខេត្តស្ទឹងត្រែង យើងខ្ញុំសូមធ្វើការបំភ្លឺជូននូវអង្គហេតុពិតជាក់ស្ដែងដូចខាងក្រោម៖
១. ទីតាំងដីជាក់ស្ដែងជាទីតាំងពីរផ្សេងគ្នាដាច់ស្រឡះ (ផ្អែកលើបច្ចេកទេស និងនិយាមកា)៖
ផ្អែកតាមកំណត់ហេតុចុះពិនិត្យ និងស្រាវជ្រាវរបស់ក្រុមការងាររដ្ឋបាលខេត្តស្ទឹងត្រែង ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលបានចុះពិនិត្យដល់ទីតាំងដីជាក់ស្ដែង បានបង្ហាញយ៉ាងច្បាស់ថា ទីតាំងដីមានចំនួន ០២ (ពីរ) កន្លែងផ្សេងគ្នាដាច់ស្រឡះ៖
ទីតាំងទី១៖ ចំណុចនិយាមកា យូធីអិម (UTM: 48P-568028-1523484) ជាដីកម្មសិទ្ធិមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) លេខ ១៩០៥០៥០១-០៦២៩ របស់អ្នកស្រី អៀវ វុទ្ធី។
ទីតាំងទី២៖ ចំណុចនិយាមកា យូធីអិម (UTM: 48P-588170-1524443) គឺជាដីដែលឈ្មោះ អ៊ុំ សុភឿន បានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង។
ទីតាំងដីទាំងពីរខាងលើនេះ ពុំមានការត្រួតស៊ីគ្នា ឬជាប់ពាក់ព័ន្ធនឹងក្បាលដីលេខ ០៦២៩ របស់អ្នកស្រី អៀវ វុទ្ធី ឡើយ។
២. ការបញ្ជាក់ស្របច្បាប់ពីម្ចាស់ដើម និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ៖
ម្ចាស់ដីដើម៖ លោក សាយ រចនា ដែលជាម្ចាស់ដីដើម (បានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីជូនលោក អ៊ុំ សុភឿន តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧) បានធ្វើលិខិតបញ្ជាក់ជាផ្លូវការចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ដោយបញ្ជាក់យ៉ាងច្បាស់ថា ដីដែលខ្លួនបានលក់ជូនឈ្មោះ អ៊ុំ សុភឿន គឺពិតជាដីផ្សេង ពុំជាប់ពាក់ព័ន្ធនឹងដីប្លង់ក្បាលដីលេខ ៦២៩ របស់អ្នកស្រី អៀវ វុទ្ធី នោះឡើយ។
អាជ្ញាធរមូលដ្ឋាន៖ ក្នុងការចុះសាកសួររបស់ក្រុមការងាររដ្ឋបាលខេត្តស្ទឹងត្រែង អាជ្ញាធរមូលដ្ឋានរួមមាន លោកមេភូមិអន្លង់ជ្រៃ, លោកជំទប់ទី១ និងលោកមេឃុំអន្លង់ជ្រៃ បានបញ្ជាក់ជាឯកច្ឆន្ទដូចៗគ្នាថា ដីដែលឈ្មោះ អ៊ុំ សុភឿន បានលក់ គឺពិតជាមិនជាប់ពាក់ព័ន្ធនឹងដីដែលមានប័ណ្ណកម្មសិទ្ធិរបស់អ្នកស្រី អៀវ វុទ្ធី នោះទេ។
៣. សេចក្ដីសន្និដ្ឋានផ្លូវការរបស់ក្រុមការងាររដ្ឋបាលខេត្តស្ទឹងត្រែង៖
យោងតាមរបាយការណ៍ស្ដីពីការចុះត្រួតពិនិត្យទីតាំងដីជាក់ស្ដែង គោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រុមការងាររដ្ឋបាលខេត្តបានធ្វើសេចក្ដីសន្និដ្ឋានយ៉ាងច្បាស់ថា៖
ដីដែលឈ្មោះ អ៊ុំ សុភឿន បានលក់ទៅឱ្យភាគីផ្សេង គឺពិតជាមិនជាប់ពាក់ព័ន្ធនឹងប្លង់ដីក្បាលដីលេខ ៦២៩ របស់អ្នកស្រី អៀវ វុទ្ធី នោះឡើយ។
ដីដែលឈ្មោះ អ៊ុំ សុភឿន បានលក់ គឺជាដីកាប់ឆ្ការកាន់កាប់អាស្រ័យផលជាក់ស្ដែង ដោយពុំមានជាប់ពាក់ព័ន្ធនឹងតំបន់ការពារ ឬតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ឬព្រៃសហគមន៍ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះឡើយ។
សេចក្ដីសន្និដ្ឋានរួម៖
ផ្អែកលើអង្គហេតុ ភស្ដុតាងគតិយុត្ត លទ្ធផលនៃការវាស់វែងកូអរដោនេបច្ចេកទេស និងការបំភ្លឺពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បង្ហាញយ៉ាងប្រត្យក្សថា ការចោទប្រកាន់មកលើឈ្មោះ អ៊ុំ សុភឿន ថាបានលួចលក់ដីរបស់អ្នកស្រី អៀវ វុទ្ធី គឺជាការចោទប្រកាន់ដែលផ្ទុយស្រឡះពីការពិត និងគ្មានមូលដ្ឋានបច្ចេកទេសឡើយ។ រាល់ការកាន់កាប់ និងការលក់ដូររបស់ឈ្មោះ អ៊ុំ សុភឿន គឺធ្វើឡើងលើដីអាស្រ័យផលជាក់ស្ដែងរបស់ខ្លួនដោយសុចរិត ព្រមទាំងមានការដឹងឮទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន។
អាស្រ័យហេតុនេះ សូមសាធារណជន ស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការ មេត្តាជ្រាបជាព័ត៌មាន និងផ្ដល់នូវភាពយុត្តិធម៌ ព្រមទាំងភាពស្អាតស្អំជូនឈ្មោះ អ៊ុំ សុភឿន ស្របតាមនីតិវិធីច្បាប់។
