លេចធ្លាយការគ្រប់គ្រងជាប្រព័ន្ធ! តើបុគ្គលមានអំណាច និងឥទ្ធិពលរូបណា កំពុងកាងការពារខ្សែច្រវាក់ស្តុក និងដឹកជញ្ជូនបារី-អេតចាយ ចេញតាមច្រកព្រំដែនប្រាសាទ?

ផ្ទុះការសង្ស័យជាប្រព័ន្ធខ្សែរយៈដ៏ធំ! ខណៈដែលចំណុចច្រកព្រំដែនប្រាសាទ ក្រុងបាវិត មានសកម្មភាពស្តុកទំនិញអេតចាយ និងបារីខ្នាតធំ រួចសម្រុកដឹកចេញទៅក្រៅប្រទេសយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃនោះ ប្រភពពីប្រជាពលរដ្ឋមូលដ្ឋានបានបង្ហើបអាថ៌កំបាំងគួរឱ្យភ្ញាក់ផ្អើលមកកាន់ ASEAN DAILY ថា សកម្មភាពទាំងនេះមិនមែនជារឿងចៃដន្យឡើយ គឺមានការគ្រប់គ្រងចាត់ចែងជាប្រព័ន្ធ និងមានមន្ត្រីមានបុណ្យស័ក្តិធំម្នាក់ចាំកាង និងសម្របសម្រួលផ្លូវនេះទាំងស្រុង!
តើបុគ្គលមានឥទ្ធិពលរូបនោះជាអ្នកណា? ហើយហេតុអ្វីបានជាអាចបើកដៃឱ្យមានការចរាចរណ៍ទំនិញសង្ស័យទាំងនេះរំលងភ្នែកសមត្ថកិច្ចបាន?
សាធារណជន និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង កំពុងទទូចស្នើសុំការអន្តរាគមន៍ និងការត្រួតពិនិត្យជាបន្ទាន់ពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីបំបែកសំណុំរឿង និងវែកមុខរកការពិតជូនសង្គមជាតិ!
ប្រជាពលរដ្ឋរាយការណ៍ពីការចាត់ចែងជាប្រព័ន្ធ និងមានមន្ត្រីមានឥទ្ធិពលចាំកាងផ្លូវ ជុំវិញទីតាំងស្តុក និងការដឹកជញ្ជូនបារីព្រមទាំងអេតចាយចេញតាមច្រកព្រំដែនប្រាសាទ
(រាជធានីភ្នំពេញ)៖ ករណីទីតាំងស្តុកទំនិញអេតចាយខ្នាតធំ និងទីតាំងស្តុកបារី ស្ថិតនៅសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញទៅក្រៅប្រទេសតាមច្រកព្រំដែនប្រាសាទយ៉ាងគគ្រឹកគគ្រេងនោះ កំពុងផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជន ក្រោយពេលលេចធ្លាយតម្រុយអំពីការគ្រប់គ្រងចាត់ចែងជាប្រព័ន្ធខ្សែរយៈ។
យោងតាមប្រភពព័ត៌មានបន្ថែមពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានធ្វើសេចក្ដីរាយការណ៍មកកាន់ អង្គភាពសារព័ត៌មាន ASEAN DAILY ឱ្យដឹងថា សកម្មភាពស្តុក និងការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែនមួយនេះ គឺមានការរៀបចំចាត់ចែងយ៉ាងមានរបៀបរៀបរយជាប្រព័ន្ធ។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា មានមន្ត្រីមួយរូបដែលមានតួនាទី បុណ្យស័ក្តិ និងឥទ្ធិពលធំ ជាអ្នកនៅពីក្រោយចាំកាង និងការពារខ្សែរត់ផ្លូវដឹកជញ្ជូនទំនិញមួយនេះ ទើបធ្វើឱ្យសកម្មភាពចរាចរណ៍ទំនិញអាចប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះ។
ជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខាងលើ គេសង្កេតឃើញមានឃ្លាំងស្តុកអេតចាយខ្នាតធំប្រមាណពី ២ ទៅ ៣ ទីតាំង និងទីតាំងស្តុកបារីជាច្រើនកន្លែង។ ជារៀងរាល់ថ្ងៃ មានមធ្យោបាយដឹកជញ្ជូនចម្រុះ រួមមានរថយន្តតូចធំ គោយន្ត ត្រាក់ទ័រ និងរថយន្តសណ្ដោងទូកុងតឺន័រ ធ្វើការលើកផ្ទុកទំនិញអេតចាយ និងកេសបារី (ប្រភេទទំនិញបារីម៉ាក HERO និងម៉ាកដទៃទៀត) រួចបន្តដំណើរឆ្លងកាត់ចេញទៅក្រៅប្រទេសតាមច្រកទ្វារព្រំដែនប្រាសាទ។ លើសពីនេះ នៅក្បែរទីតាំងច្រកព្រំដែន តែងតែមានវត្តមានជនស្លៀកពាក់ស៊ីវិល ឈរចាំឃ្លាំមើល ថតរូប និងកត់ត្រាលេខក្បាលរថយន្តដឹកទំនិញទាំងនោះ ដែលពលរដ្ឋសង្ស័យថាជាមន្ត្រីគយចាំកត់ក្បាលរថយន្តទំនិញឆ្លងកាត់។
ភាពមិនប្រក្រតីដែលប្រជាពលរដ្ឋបានរាយការណ៍នេះ បានបង្កឱ្យមានការងឿងឆ្ងល់ និងមន្ទិលសង្ស័យជាខ្លាំង ថាតើសកម្មភាពស្តុកទុក និងការចរាចរណ៍ទំនិញទាំងនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ស្របតាមច្បាប់គយ និងរដ្ឋាករ និងនីតិវិធីនៃការនាំចេញទំនិញឆ្លងដែនដែរឬយ៉ាងណា? ឬមួយក៏ជាការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីផលប្រយោជន៍បុគ្គល?
ដើម្បីការពារផលប្រយោជន៍ជាតិ ពង្រឹងនីតិរដ្ឋ ទប់ស្កាត់ការរត់ពន្ធទំនិញគេចពន្ធ និងឆ្លើយតបទៅនឹងកង្វល់ដ៏ក្ដៅគគុករបស់បងប្អូនប្រជាពលរដ្ឋ អង្គភាពសារព័ត៌មាន ASEAN DAILY សូមគោរពស្នើសុំ និងជម្រាបជូនដល់៖
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញគយ និងរដ្ឋាករ ស្ថាប័នប្រឆាំងអំពើពុករលួយ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់
មេត្តាជួយចាត់កម្លាំងជំនាញចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ជុំវិញសកម្មភាពទីតាំងស្តុក ការដឹកជញ្ជូនទំនិញបារីព្រមទាំងអេតចាយ និងបុគ្គលដែលរងការសង្ស័យថានៅពីក្រោយការកាងផ្លូវនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ តម្លាភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋ។
អង្គភាពសារព័ត៌មាន ASEAN DAILY រង់ចាំទទួលការបកស្រាយ បំភ្លឺ និងផ្ដល់ព័ត៌មានបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាបន្តបន្ទាប់៕
ចេញផ្សាយនៅរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦
