ACU សម្រេចឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារង ខេត្តពោធិ៍សាត់ ក្រោយរកឃើញថា បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះជនជាតិចិន និងវៀតណាម៥នាក់ នៅឃុំថ្មដា ស្រុកវាលវែង​ ខេត្ត​ពោធិ៍សាត់.

(ភ្នំពេញ)៖ នៅវេលាម៉ោង ៩៖៤៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា បន្ទាប់ពីការរកឃើញភស្តុតាង និងការស្តាប់ចម្លើយ ដែលមានលក្ខណៈស៊ីចង្វាក់គ្រប់គ្រាន់ ដែលលោក ព្រះរាជអាជ្ញារងរូបនេះបានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្ស៥ (ប្រុសចិនម្នាក់ និងស្រី វៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែល សមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាម អនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

លោក យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំង អំពើពុកលួយ ដែលដឹកនាំការស៊ើបអង្កេតនេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្ត ពោធិ៍សាត់ភ្លាមៗនៅពេលអាធ្រាត្រថ្ងៃទី១៦ ខែកក្កដា ហើយ ថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេត របស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូល ភស្តុតាងដល់ទីកន្លែងឃុំថ្មដា។

លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិ ការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុម ស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្តាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មាន បន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំង អំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័ន មានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹង ការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែង ជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។

ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

 

ផ្សាយ​:ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ២០២៥

ប្រភព​:Fresh​News

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង