មហាជនចោទសួរអំពីភាពមិនប្រក្រតីនៃការដឹកជញ្ជូនពងមាន់តាមច្រកទ្វារអន្តរជាតិភ្នំដិន! តើលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានជ្រាបដែរឬទេ? ស្វែងយល់លម្អិតជុំវិញការចុះអង្កេតរបស់ក្រុមអ្នកសារព័ត៌មាន និងការស្នើសុំឱ្យមានការបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធ… ផ្សាយចេញពីរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦

 

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{},”is_sticker”:false,”edited_since_last_sticker_save”:false,”containsFTESticker”:false}
តើលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បានជ្រាបដែរឬទេ ខណៈសកម្មភាពដឹកជញ្ជូនពងមាន់នៅច្រកភ្នំដិន ត្រូវបានរាយការណ៍ថាបន្តកើតមានជាច្រើនខែមកនេះ?
​ខេត្តតាកែវ៖ នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានចំនួន ៣ អង្គភាព បានចុះទៅកាន់តំបន់ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីពិនិត្យ និងស្វែងរកព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនពងមាន់ ដែលយោងតាមប្រភពព័ត៌មានបានរាយការណ៍ថា មានការពាក់ព័ន្ធនឹងស្ត្រីឈ្មោះ អែម សារឿន ហៅចែសារឿន និងឈ្មោះ ម៉ាលីបុត្រ ​តាមការរាយការណ៍របស់ក្រុមអ្នកសារព័ត៌មាន នៅពេលចុះដល់ទីតាំង បានសង្កេតឃើញរថយន្តដឹកទំនិញចូលទៅកាន់ទីតាំងខាងក្រោយស្នាក់ការច្រកទ្វារ ដែលប្រភពព័ត៌មានអះអាងថា ជាលំនៅឋានរបស់ស្ត្រីឈ្មោះ អែម សារឿនសកម្មភាពនេះបានបង្កជាចម្ងល់ពីមជ្ឈដ្ឋានជុំវិញ អំពីប្រភពដើមនៃទំនិញ ឯកសារអនុញ្ញាត និងនីតិវិធីត្រួតពិនិត្យរបស់មន្ត្រីជំនាញនៅច្រកទ្វារព្រំដែន។

​តាមប្រភពព័ត៌មានដែលបានផ្តល់មកកាន់ក្រុមអ្នកសារព័ត៌មានដដែល សកម្មភាពដឹកជញ្ជូនពងមាន់នេះត្រូវបានលើកឡើងថា បានបន្តកើតមានអស់រយៈពេលជាច្រើនខែមកហើយ បើទោះបីជាមានការលើកឡើងពីវិធានការហាមឃាត់មួយចំនួនក៏ដោយ។ ប្រសិនបើការហាមឃាត់នេះមានមូលដ្ឋានលើសេចក្តីសម្រេច ឬលិខិតផ្លូវការរបស់ស្ថាប័នមានសមត្ថកិច្ច ពិតជាគួរឱ្យមានការបំភ្លឺឱ្យបានច្បាស់លាស់ថា តើការអនុវត្តវិធានការទប់ស្កាត់មានប្រសិទ្ធភាពកម្រិតណា ហើយមូលហេតុអ្វីបានជាមានសេចក្តីរាយការណ៍ថា សកម្មភាពដឹកជញ្ជូននៅតែបន្តកើតមាន។
​
​សំណួរនេះត្រូវបានលើកឡើងក្នុងគោលបំណងស្វែងរកការបំភ្លឺពីលោក ថៃ លី ក្នុងនាមជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ (ពេទ្យសត្វខេត្ត) ជុំវិញការអនុវត្តភារកិច្ចរបស់មន្ត្រីជំនាញសុខភាពសត្វ និងផលិតកម្មសត្វ ពាក់ព័ន្ធនឹងការត្រួតពិនិត្យពងមាន់ដែលដឹកជញ្ជូនឆ្លងកាត់ច្រកភ្នំដិន។
​ទន្ទឹមនឹងប្រភពព័ត៌មានលើកឡើងថា ពាណិជ្ជករដែលរកស៊ីក្នុងករណីនេះធ្លាប់មានទំនាក់ទំនង ឬស្គាល់លោក ថៃ លី កន្លងមក ការលើកឡើងនេះបាននាំឱ្យមានសំណួរជាសាធារណៈថា៖ តើលោកបានជ្រាបអំពីសកម្មភាពដឹកជញ្ជូនពងមាន់ទាំងនេះដែរឬទេ? ប្រសិនបើបានជ្រាប តើលោកបានចាត់វិធានការត្រួតពិនិត្យ ទប់ស្កាត់ ឬរាយការណ៍ទៅថ្នាក់ដឹកនាំតាមនីតិវិធីរដ្ឋបាលដែរឬទេ? ផ្ទុយទៅវិញ ប្រសិនបើមិនបានជ្រាប តើមូលហេតុអ្វីបានជាសកម្មភាពដែលមានការរាយការណ៍ជាបន្តបន្ទាប់បែបនេះ មិនទាន់មានការបញ្ជាក់ជូនសាធារណជនឱ្យបានច្បាស់លាស់?

​បន្ថែមពីនេះ សាធារណជនក៏ចង់ដឹងផងដែរថា តើពងមាន់ដែលត្រូវបានដឹកជញ្ជូនទាំងនោះ មានលិខិតអនុញ្ញាត និងវិញ្ញាបនបត្រត្រួតពិនិត្យអនាម័យសត្វត្រឹមត្រូវតាមច្បាប់ដែរឬទេ?
តើអង្គភាព ឬមន្ត្រីជំនាញរូបណាជាអ្នកទទួលខុសត្រូវលើការត្រួតពិនិត្យជាក់ស្តែង? ប្រសិនបើមានការហាមឃាត់ជាផ្លូវការ តើការអនុញ្ញាតឱ្យទំនិញចេញ ឬឆ្លងកាត់តាមច្រកទ្វារ ផ្អែកលើនីតិវិធីច្បាប់កម្រិតណា?
​ចំពោះការសង្ស័យផ្សេងៗជុំវិញផលប្រយោជន៍ ឬភាពមិនប្រក្រតី គឺសុទ្ធសឹងជាចំណុចដែលទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចធ្វើការស្រាវជ្រាវដោយផ្អែកលើភស្តុតាង និងឯកសាររដ្ឋបាលជាក់ស្តែង ដោយមិនគួរសន្និដ្ឋានទុកជាមុនឡើយ ដើម្បីធានានូវភាពយុត្តិធម៌សម្រាប់គ្រប់ភាគីពាក់ព័ន្ធ។
​ប្រជាពលរដ្ឋស្នើសុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជួយត្រួតពិនិត្យ និងស្រាវជ្រាវ
​ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរគោរពជូន ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យ និងស្រាវជ្រាវលើសកម្មភាពដឹកជញ្ជូនពងមាន់នៅច្រកភ្នំដិន ជាពិសេសការអនុវត្តការងាររបស់មន្ត្រីជំនាញប្រចាំការ និងនីតិវិធីនៃការត្រួតពិនិត្យទំនិញឆ្លងកាត់។
​ការស្នើសុំនេះ គឺដើម្បីផ្ទៀងផ្ទាត់ឯកសារប្រភពដើមនៃទំនិញ លិខិតអនុញ្ញាត បណ្ណបញ្ជាក់អនាម័យ និងកំណត់ត្រាត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់។ ប្រសិនបើពិនិត្យឃើញថាមានភាពមិនប្រក្រតី ឬផ្ទុយពីបទប្បញ្ញត្តិ សូមចាត់វិធានការស្របតាមច្បាប់ជាធរមាន ដើម្បីធានាតម្លាភាព គណនេយ្យភាព សុវត្ថិភាពម្ហូបអាហារ និងការការពារផលប្រយោជន៍សង្គមជាតិ។

​អង្គភាពសារព័ត៌មាន អាស៊ានដេលី (ASEAN DAILY) រង់ចាំការបំភ្លឺគ្រប់ពេលវេលាពីលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ មន្ត្រីជំនាញប្រចាំច្រកទ្វារអន្តរជាតិភ្នំដិន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ ច្បាស់លាស់ និងមានតុល្យភាពស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន.ពុំបានផ្សព្វផ្សាយបែបញុះញង់ឬជាន់ពន្លិច បំផុសបំផុល ទៅលើស្ថាប័នពាក់ព័ន្ធមួយណាឡើយ.សូមអរគុណ៕

ព័ត៌មានដែលជាប់ទាក់ទង