ភ័យបារម្ភខ្លាំង! បូមខ្សាច់ស្ទឹងព្រែកត្នោត ជិតសាលាសង្កាត់សាក់សំពៅ ហុយទ្រលោម និងខ្លាចក្រែងបាក់ផ្ទះចូលស្ទឹង!

រាជធានីភ្នំពេញ៖ យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងបូមខ្សាច់ បានឱ្យដឹងថា អង្គភាពសារព័ត៌មាន ASEAN DAILY បានទទួលប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះថា បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ កំពុងដាក់ការសង្ស័យ និងរស់នៅដោយក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបូមខ្សាច់ និងរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរទាំងគ្មានការគ្របដណ្តប់ និងគ្មានការស្រោយទឹក បង្កជាធូលីហុយទ្រលោមពេញផ្លូវសាធារណៈ។

​ទោះបីជាភាគីអ្នករកស៊ីអះអាងថាមានច្បាប់ក៏ដោយ ប៉ុន្តែភាពអនាធិបតេយ្យគ្មានការបិទផ្លាកសញ្ញាបង្ហាញអាជ្ញាប័ណ្ណ និងហានិភ័យធំៗចំនួន ២ ចំណុច បានធ្វើឱ្យពលរដ្ឋមានការខកចិត្តយ៉ាងខ្លាំង៖

  1. ខ្លាចបាក់ច្រាំងស្ទឹង៖ ពលរដ្ឋបារម្ភក្រែងការបូមខ្សាច់នេះធ្វើឱ្យបាក់ដី និងផ្ទះសម្បែងធ្លាក់ចូលស្ទឹង ដូចករណីដ៏រន្ធត់នៅតំបន់ស្ពានអ្នកលឿង ខេត្តព្រៃវែង ដោយមិនដឹងថាអ្នកណាចេញមុខទទួលខុសត្រូវឡើយ។
  2. ប៉ះពាល់សុខភាពធ្ងន់ធ្ងរ៖ រថយន្តដឹកខ្សាច់បើកកាត់មុខសាលាសង្កាត់សាក់សំពៅទាំងព្រឹកទាំងល្ងាច គ្មានការស្រោយទឹកកាត់បន្ថយធូលី ប៉ះពាល់ដល់ផ្លូវដង្ហើមរបស់កុមារ និងចាស់ជរា។

📌 ការអំពាវនាវ និងការដាក់បន្ទុកទៅកាន់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ

​ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ និងអង្គភាពសារព័ត៌មាន ASEAN DAILY សូមស្នើសុំ និងគោរពជូនដំណឹងដល់៖

  • ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
  • លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ

​ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដូចជាមន្ត្រីរ៉ែ និងថាមពល មន្ត្រីធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរដែនដី សូមមេត្តាជួយចុះពិនិត្យ និងត្រួតពិនិត្យមើលជាបន្ទាន់ ចំពោះក្រុមហ៊ុន ឬអាជីវករដែលធ្វើសកម្មភាពបូមខ្សាច់ចេញពីស្ទឹងព្រែកត្នោតនេះ។ មិនថាយ៉ាងណាទេ អាជីវកម្មនេះត្រូវតែមានច្បាប់ទម្លាប់ និងអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវ ស្របតាមប្រព័ន្ធផ្លូវច្បាប់ ដើម្បីធានាការពារផលប្រយោជន៍ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

📌 ការបំភ្លឺពីតួនាទី និងការបើកចំហររបស់អង្គភាពសារព័ត៌មាន ASEAN DAILY

​អង្គភាពសារព័ត៌មាន ASEAN DAILY គឺ «ត្រឹមជាកញ្ចក់ឆ្លុះបញ្ចាំង» នាំយកសំឡេងទុក្ខលំបាករបស់ប្រជាពលរដ្ឋជូនអាជ្ញាធរមានសមត្ថកិច្ច និងរាជរដ្ឋាភិបាលប៉ុណ្ណោះ។

 

ព័ត៌មានដែលជាប់ទាក់ទង